សាវតា

	របបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ត្រូវបានបង្កើតឡើងតាំងពីពាក់កណ្តាលទស្សវត្សឆ្នាំ១៩៥០ មកម្លេះ។  របបសន្តិសុខសង្គមនេះ ត្រូវបានបាត់បង់ទៅវិញក្នុងសម័យប៉ុលពត ។  បន្ទាប់ពីថ្ងៃ ០៧ មករា ១៩៧៩ ក្រោយពេលដែលរដ្ឋាភិបាលបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងជ្រើសរើសកម្មាភិបាល បុគ្គលិក កម្មកររដ្ឋឲ្យចូលបម្រើការងារ របបសន្តិសុខសង្គមក៏ត្រូវបានរៀបចំបង្កើតឡើងវិញជាជំហានៗផងដែរ ផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម ។ 
នៅក្នុងឆ្នាំ១៩៨៣ ក្រុមប្រឹក្សារដ្ឋមន្ដ្រីបានចេញសេចក្ដីសម្រេចលេខ០១ សសរ. ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៨៣ ស្ដីពីគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់កម្មាភិបាល បុគ្គលិក កម្មកររដ្ឋ ដែលសេចក្ដីសម្រេចនេះ ចែងអំពីរបបសន្តិសុខសង្គមឧបត្ថម្ភចំពោះ កម្មាភិបាល បុគ្គលិក កម្មកររដ្ឋ ក្នុងករណីមានជម្ងឺ គ្រោះថ្នាក់ការងារ សម្រាលកូន មរណភាព និងជួបការលំបាកខ្លាំង ។ លុះមកដល់ឆ្នាំ១៩៨៥ ក្រុមប្រឹក្សារដ្ឋមន្ដ្រីបានចេញសេចក្ដីសម្រេចលេខ១៥០ សសរ. ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨៥ ស្ដីពីរបបសោធននិវត្ដន៍ និងសោធនបាត់បង់សមត្ថភាពពលកម្ម(បាត់បង់សម្បទាវិជ្ជាជីវៈ) សម្រាប់កម្មាភិបាល បុគ្គលិក កម្មកររដ្ឋ។ 
នៅឆ្នាំ១៩៨៨ ក្រុមប្រឹក្សារដ្ឋមន្ដ្រីបានធ្វើការកែសម្រួលលើខ្លឹមសារគោលនយោបាយធានារ៉ាប់រងសង្គមមួយចំនួន និងបានចេញសេចក្ដីសម្រេចលេខ២៤៥ សសរ. ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ស្ដីពីគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់កម្មាភិបាល បុគ្គលិក កម្មកររដ្ឋ និវត្ដជន និងជនបាត់បង់សមត្ថភាពពលកម្ម។ បន្ទាប់មក ក្រុមប្រឹក្សារដ្ឋមន្ដ្រីក៏បានធ្វើការកែសម្រួលលើខ្លឹមសារគោលនយោបាយសោធន ដើម្បីឱ្យស្របទៅតាមការវិវត្តន៍នៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ដោយចេញសេចក្ដីសម្រេចលេខ១៨៤ សសរ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩០ ស្ដីពីរបបសោធននិវត្ដន៍ និងសោធនបាត់បង់សមត្ថភាពពលកម្ម ចំពោះកម្មាភិបាល បុគ្គលិក កម្មកររដ្ឋ ។ 
ដើម្បីពង្រឹងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលឲ្យស្របតាមព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ ស្ដីពីការអនុវត្ដន៍របបសោធននិវត្ដន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាមូលដ្ឋានក្នុងការអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។

							

	អនុវត្ដតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ២ ត្រង់ចតុកោណទី ៣ មុំទី ៤ ស្តីពីការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គមដើម្បីលើកកំពស់សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ដ្រីរាជការស៊ីវិល និវត្ដជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដួចផ្ដើមបង្កើតបេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល ដែលជាគ្រឹះស្ថានសាធារណរដ្ឋបាល ក្នុងគោលដៅដើម្បីដាក់ឱ្យដំណើរការគ្រប់គ្រង និងធានាការបើកផ្ដល់របបសន្ដិសុខសង្គមជូនមន្ដ្រីរាជការស៊ីវិល និវត្ដជន ជនបាត់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការលំបាករបស់មន្ដ្រីរាជការស៊ីវិល និវត្ដជន និងជនបាត់សម្បទាវិជ្ជាជីវៈ ស្របតាមស្មារតី និងខ្លឹមសារដែលមានចែងក្នុងគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ តាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព មានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។ 
បេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៤ អនក្រ.បក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ដីពីការបង្កើតបេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល និងដោយអនុលោមតាមព្រះរាជក្រឹត្យលេខ នស/រកត/០១០៨/០៣៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល ។ 
បេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល គឺជាស្ថាប័នមួយដែលមានតួនាទីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងកែទម្រង់គោលនយោបាយរបបសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល និវត្ដជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាពិសេសគឺសិក្សាលើលទ្ធភាពក្នុងការផ្ដល់នូវតាវកាលិកបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមបរិបទនៃវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម ។ បេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្ដ្រីរាជការស៊ីវិល ស្ថិតនៅក្រោមអាណាព្យាបាលផ្នែកបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតនៅក្រោមអាណាព្យាបាលផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្ដល់របបសន្ដិសុខសង្គម ដែលមានតាវកាលិកចំនួន០៦ គឺ ៖ ការចូលនិវត្ដន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក ។