 សោធននិវត្តន៍ គឺជាប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់និវត្តជន ឬជនដែលបានចូលនិវត្តន៍ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឬធានានូវចំណូលពេលចាស់ជរា។ នៅប្រទេសខ្លះ គេបើកសោធនរយៈពេល ២ខែម្តង ប្រទេសខ្លះ ៣ខែម្តង។ ការកំណត់ពេលវេលានៃការបើកសោធន គឺអាស្រ័យទៅលក្ខខណ្ឌច្បាប់នៃប្រទេសនីមួៗ។ សម្រាប់កម្ពុជាសោធននិវត្តន៍ត្រូវបានបើកប្រចាំជារៀងរាល់ខែ។

 និវត្តជន គឺជនទាំងឡាយណាដែលបានបម្រើការងារជូនរដ្ឋ និងបានកាត់ទុកបៀវត្សសម្រាប់ជាសោធនយ៉ាងតិច ២០ឆ្នាំ ហើយដល់អាយុចូលនិវត្តន៍។ និវត្តជន គឺជាមន្ត្រីរាជការស៊ីវិល ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស។

 និវត្តជន គឺជាជនដែលចូលនិវត្តន៍។ រីឯសោធននិវត្តន៍ គឺជាប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់និវត្តជន។

 នៅពេលដែលបុគ្គលម្នាក់ៗចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិល បុគ្គលនោះនឹងទទួលបានសិទ្ធិជាស្វ័យប្រវត្តិក្នុងការទទួលសោធននៅពេលចូលនិវត្តន៍។ សូមមើលជំពូកទី៧ ការចូលនិវត្តន៍ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

	មន្ត្រីរាជការស៊ីវិលបាត់បង់សិទ្ធិទទួលសោធននិវត្តន៍តាមមូលហេតុដូចខាងក្រោម ៖
	-	លុបឈ្មោះពីមន្ត្រីរាជការស៊ីវិល
	-	បាត់ខ្លួន ឬទទួលមរណភាពមុនការចូលនិវត្តន៍
	-	មានអតីតភាពការងារមិនគ្រប់ ២០ឆ្នាំ
	-	និវត្តជនទទួលមរណភាព។
							

	
	ដើម្បីទទួលបានសោធននិវត្តន៍លុះត្រាតែបានបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖
-	ជាមន្ត្រីរាជការស៊ីវិល
-	មានអតីតភាពការងារ ឬបានបំពេញការងារយ៉ាងតិច ២០ឆ្នាំ
-	មានអាយុ ៥៥ឆ្នាំ(ក្របខ័ណ្ឌ គ) អាយុ ៥៨ឆ្នាំ (ក្របខ័ណ្ឌ ខ) អាយុ ៦០ឆ្នាំ (ក្របខ័ណ្ឌ ក)
-	ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី គ្រូបង្រៀន និងគ្រូពេទ្យ ត្រូវចូលនិវត្តន៍នៅអាយុ ៦០ឆ្នាំដោយមិនកំណត់តាមក្របខ័ណ្ឌនោះទេ។
-	ក្នុងករណីបានបំពេញការងារ ៣០ឆ្នាំ មន្ត្រីរាជការស៊ីវិលអាចស្នើសុំចូលនិវត្តន៍ និងប្រាក់សោធននិវត្តន៍បាន ដោយមិនផ្អែកតាមលក្ខខណ្ឌអាយុនោះទេ។
						

	
	និវត្តជននឹងទទួលបានសោធនប្រចាំខែ ដូចខាងក្រោម ៖
-	សោធនអប្បរមាស្មើនឹង ៦០% នៃបៀវត្សមូលដ្ឋាន
-	សោធនអតិបរមាស្មើនឹង ៨០% នៃបៀវត្សមូលដ្ឋាន
-	និវត្តជនដែលមានអតីតភាពការងារ ២០ឆ្នាំទទួលបានសោធនស្មើនឹង៦០% នៃបៀវត្សមូលដ្ឋាន
-	និវត្តជនដែលមានអតីតភាពការងារ ៣០ឆ្នាំ ឬលើសពីនេះ ទទួលបានសោធនស្មើនឹង៨០% នៃបៀវត្សមូលដ្ឋាន
-	និវត្តជនដែលមានអាយុចន្លោះពី ២០ឆ្នាំទៅ ៣០ឆ្នាំ ត្រូវទទួលបានការបូកបន្ថែមនូវសោធនសមាមាត្រ ២% សម្រាប់ ១ឆ្នាំ។ ឧ. លោក “ក” មានអតីតភាពការងារ ២៥ឆ្នាំ 
គាត់នឹងទទួលបានសោធនស្មើនឹង ៧០%នៃបៀវត្សមូលដ្ឋាន ដូចខាងក្រោម ៖
+	ការគណនាសោធន ២៥ឆ្នាំ
	២០ឆ្នាំ =	៦០%
	+	
	៥ឆ្នាំ =	៥x២% = ១០%
	២៥ឆ្នាំ =	៧០%
						

	
+	សោធនមានប្រភពធនធានសម្រាប់ទ្រទ្រង់ ពីការកាត់ទុកបៀវត្សប្រចាំខែរបស់មន្ត្រីរាជការស៊ីវិលម្នាក់ៗនៅពេលកំពុងបំពេញការងារ។ 
	ការកាត់បៀវត្សប្រចាំខែ គឺជាកាតព្វកិច្ចដែលចងភ្ជាប់ជាមួយមន្ត្រីរាជការស៊ីវិល។